តាំងពីបូរាណកាលមកជនជាតិខ្មែរយើងគោរពនិងមានជំនឿលើព្រលឹងវិញ្ញាណ ដែលយកការបន់ស្រន់សែនព្រែន ដើម្បីភ្ជាប់ទៅបុព្វការីជន បុព្វបុរស មេទ័ព មេកុលសម្ពន្ធ័ដែលជាអ្នកមានគុណ អ្នកការពារ ធ្លាប់ថែររក្សាក្រុមខ្លួនជាដើម ដើម្បីសុំសេចក្តីសុខសប្បាយ។
បច្ចុប្បន្ន បច្ចេកវិទ្យារីកចំរើន មនុស្សមានការរៀនសូត្រចេះដឹង មនុស្សភាគច្រើនផ្អែកលើវិទ្យាសាស្រ្ត តក្ក ជាមូលដ្ឋានសំរាប់សំរេចចិត្តនិងមើលឃើញការធ្វើតាមគ្នាខ្លៈថាជារឿងឥតប្រយោជន៍ ល្ងង់ខ្លៅ។
តើអ្នកយល់យ៉ាងណាដែរ?
ជាការពិតរឿងល្អ ឬអាក្រក់តែងមានជានិច្ច បើជំនឿណាដែលធ្វើអោយយើងស្ងប់អារម្មណ៍ មិនខូចប្រយោជន៍ ឬមិនបង្កររឿងអាក្រក់ដល់អ្នកដ៍ទៃទេនោះ ធ្វើចុះគោរពដោយពិទ្ធិផងចុះ។
ឧទាហរណ៍ការបង្កើតទីសក្ការៈ អ្នកតាតាមផ្លូវឆ្ងាយៗ ជាក់ស្តែង លោកយាយម៉ៅនៅពេជ្រនិល តាមផ្លូវជាតិលេខ៤ គឺពិតជាអាចជួយបន្ថយគ្រោះហានិភ័យក្នុងការបើកបរមែនហើយ ព្រោះថាតំបន់នោះមានចំណោតខ្ពស់ មានជ្រោះជ្រៅ និងរយៈចំងាយផ្លូវក៍ឆ្ងាយដែរបើយើងបើកបរពីភ្នំពេញឬខេត្តផ្សេងៗទៅតំបន់សមុទ្រ។ កាលបើអ្នកបើកបរ បានឈប់សំរាក បន់ស្រន់ លុបលាងមុខ នោះនិងនាំអោយពួកគាត់ស្រស់ស្រាយ បាត់ការងងុយដេក ដែលអាច បញ្ជាយានយន្តបានល្អ ហើយបងប្អូនខ្លៈទៀតគាត់យកទឹកមន្តប្រោះព្រំឡាន កង់ឡាន ដែលជាការពិតធ្វើអោយរថយន្តយើងចុះត្រជាក់ បន្ថយកំដៅម៉ាស៉ីន ឬសំពាធខ្យល់កង់ បន្ទាប់ពីបើកបរយ៉ាងឆ្ងាយ។
ជារួមដូនតាយើងបានបង្កើតជំនឿជាច្រើនឡើងដើម្បីសេចក្តីល្អប្រសើរ ហើយពិតណាស់គ្រប់ប្រទេស សង្គមតែងនិងមានជនខិលខួចមួយចំនួនតូចឆ្លៀតយកប្រយោជន៍ឬបង្កើតជំនឿណាដែលនាំលាភសក្ករៈដល់ក្រុមខ្លួនផងដែរ។